កណ្ដាល: ជាមួយនឹងដំណាំផ្សេងៗដូចផ្កាម្លិះ មៀន ចេក ដែលជាប្រភពចំណូលរបស់អ្នកភូមិកោះក្របី ឃុំកោះក្របី ស្រុកកៀនស្វាយ ខេត្តកណ្តាលនោះ ដំណាំត្របែកក៏ជាដំណាំមួយដែលអ្នកកោះក្របីនិយមដាំ ផងដែរ។ពួកគេមានពិសោធន៍ដោយឡែកៗពីគ្នានៅក្នុងការដាំដំណាំនេះ។
ភូមិកោះក្របី មានចំនួន១១៣២គ្រួសារ ដែលសឹងតែ៩០%គ្រួសារដាំដំណាំមៀននិងដាំផ្កាម្លិះ ដើម្បីចិញ្ចឹមជីវិត ហើយមានត្រឹមតែគ្រួសារប្រហែល១០%ប៉ុណ្ណោះដែលបែរទៅជាដាំ បន្លែបង្ការទៅវិញ។ នេះបើតាមសម្ដីរបស់លោក បេ តាក់ ដែលជាមេភូមិនៅភូមិកោះក្របី ។
ថ្វីត្បិតតែដំណាំមៀននិងផ្កាម្លិះដើរតួយ៉ាងសំខាន់ជាងគេក្នុង ភូមិកោះក្របីក៏ដោយ ក៏មានគ្រួសារមួយក្នុងចំណោម៣០-៤០គ្រួសារដែលមិនចោលការដាំត្របែកដែរ ពិសេសនោះគាត់បែរជាចាត់ទុកត្របែកជាដំណាំសំខាន់ជាងគេក្នុងចំណោម ដំណាំផ្សេងទៀតទៅវិញ ។
ក្នុងដៃកំពុងកាន់ថង់និងធុងមួយទុកច្រកត្របែកជាមួយនឹងខោ អាវដៃវែងមួយឈុត មានថែមទាំងមួកក្រហមមួយទៀតផងនោះ អ្នកមីង ជា ណៃ អាយុ៤០ឆ្នាំ ដែលជាម្ចាស់ចម្ការបានប្រាប់ថា ចម្ការត្របែក នេះអ្នកមីងដាំបាន២ឆ្នាំហើយ។ ដោយមិនចង់ទុកពេលឲ្យនៅទំនេរចោលអត់ប្រយោជន៍នៅក្នុងទំហំដីដែល មានទទឹង៣០ម៉ែត្រ និងបណ្តោយ៧២ម៉ែត្រ មិនមែនដាំត្រឹមតែត្របែកមួយមុខនោះទេ អ្នកមីង ណៃ ក៏មានដំណាំបន្ទាប់បន្សំផ្សេងទៀតដែរ ដូចជាម្ទេស មៀន ចេក ល្ហុងនិងល្ពៅជាដើម ។
លោកមេភូមិដដែលបានឲ្យបានដឹងថា អ្នកភូមិនៅកោះក្របីនេះចូលចិត្តដាំដំណាំតាមគ្នាណាស់ ហើយកាលពីប៉ុន្មានឆ្នាំមុនពួកគេនាំគ្នាដាំត្របែកដែរប៉ុន្តែបរាជ័យ ដោយសារតែមានសត្វឌួងចូលមកស៊ីដើមធ្វើឲ្យងាប់អស់ ។ដូច្នេះទើបពួកគាត់នាំគ្នាប្តូរពីការដាំត្របែកទៅជាដាំផ្កា ម្លិះ ឬមៀនវិញ។
ចុះចំណែកអ្នកមីងណៃវិញមានរូបមន្តឬបច្ចេកទេសអ្វីដែរ ទើបធ្វើឲ្យត្របែករបស់គាត់ទទួលទិន្នផលល្អ រហូត ដល់ទៅ២ឆ្នាំ?
អ្នកមីងបានប្រាប់យើងថា“ដំបូងគេត្រូវផ្លាក់ឬជ្រុំដីហ្នឹងសិន មុននឹងដាក់ដាំ ។ ក្រោយពីដាក់កូនត្របែកចូលទៅក្នុងដីហើយ វិធីបន្ទាប់គឺត្រូវដាក់ទឹកឲ្យញាប់ អាចថា១អាទិត្យម្តង។ បន្ថែមពីនេះយើងត្រូវលាយដីនោះជាមួយនឹងអាចម៍ប្រចៀវ ទើបធ្វើឲ្យដីមានជីជាតិល្អ” ។
បើតាមធម្មតា ដើមត្របែកវាអាចដុះឡើងខ្ពស់រហូតដល់ត្រឹមមួយចង្អើត ឬអាចឈោងមិនដល់ផង តែមីងណៃមានវិធីសាស្ត្រពិសេសមួយដែលធ្វើឲ្យដើមនៅត្រឹមកម្ពស់ ក្បាលរបស់គាត់តែប៉ុណ្ណោះ។ អ្នកមីងបញ្ជាក់ថា បច្ចេកទេសខ្ញុំ គឺខ្ញុំដើរកាត់ត្រួយវាគ្រប់ដើមដើម្បីកុំឲ្យដើមវាចេះតែដុះខ្ពស់ ពេក ។ បច្ចេកទេសនេះវាមិនត្រឹមតែធ្វើឲ្យដើមវាមិនងាប់ ឬមិនផ្លែនោះទេ តែវាបែរជាធ្វើឲ្យលាស់ខ្នែងនិងមានផ្លែផ្កាច្រើនទៀតផង តែបើមិនធ្វើដួច្នេះទេ នោះវាមានតែផ្កា តែមិនមានផ្លែ ។
លោក នួន ពិសាល ដែលជាអ្នកដែលចូលចិត្តបរិភោគត្របែកម្នាក់ដែរនោះ បាននិយាយថា បើគាត់ដើរទិញត្របែកជាមួយម្តាយគាត់ៗរើសយកតែត្របែកណាដែលមាន ទំហំធំប៉ុណ្ណោះ។ “ចំពោះខ្ញុំៗចូលចិត្តញ៉ាំតែត្របែកណាដែលមានសម្បុររាងស ហើយធំ មិនតែប៉ុណ្ណោះគឺមានរសជាតិផ្អែមទៀតផង ភាគច្រើនមិត្តភក្តិខ្ញុំក៏អ៊ីចឹងដែរ គេនិងខ្ញុំមិនសូវចូលចិត្តត្របែកដែលមានសម្បុរអុជៗនោះទេ” ។
នេះជាមូលហេតុមួយទៀតដែលជំរុញឲ្យអ្នកមីងធ្វើការស្រាវជ្រាវបន្ថែម ដើម្បីតម្រូវអ្នកទិញ ដូចជាលោកពិសាល ក៏ដូចជាអ្នកទិញដទៃទៀត ។វិធីសាស្ត្រនោះគឺអ្នកមីងយកថង់ដែលចោះគូទរួច ទៅរុំផ្លែត្របែក ដែលវាមានរាងធំល្មម ឬជំទង់ ធ្វើបែបនោះគឺវាធ្វើឲ្យត្របែករបស់គាត់មានសម្បុរសល្អ ឆាប់ធំនិងការពារសត្វល្អិតមួយចំនូនដូចជា ក្រា ឬស្រមោចមិនឲ្យទិចទៀតផង ។ អ្នកមីងបញ្ជាក់បន្ថែមថា ជាធម្មតាយើង មិនអាចដាំត្របែកឲ្យចេញសម្បុរសរលោងតាមដែលចិត្តយើងត្រូវការនោះ ទេ ។ ដូច្នេះផលលំបាក របស់ខ្ញុំគឺនៅពេលផ្លែវាមានសម្បុរមិនសូវល្អ ឬគេហៅថាមានអាចម៍រុយនោះ ហើយពេលខ្លះវាអាចស្លោកខូចទៀតផង។ តាមពិតអ្នកទិញមួយចំនួនគាត់មិនបានដឹងថាត្របែកដែលមានសម្បុរមិន សូវស្អាតនេះមានឱជារសឆ្ញាញ់ជាងអាសម្បុរសទេ ។ ដូច្នេះមានពេលខ្លះក៏លក់មិនសូវបានចំណេញច្រើន ដោយសារវាសម្បុរមិនស្អាតនិងមិនរលោងល្អនោះ» ។
សមាជិកគ្រួសាររបស់មីងមានចំនួន៤នាក់ ។ បញ្ហាខាងលើនេះវាអាចធ្វើឲ្យប៉ះពាល់ដល់ចំណូល ចំណាយគ្រួសាររបស់អ្នកមីងខ្លះដែរ។ ហេតុនេះហើយ ទើបពេលបេះត្របែកយកទៅបោះនៅតាមផ្សារម្តងៗ គាត់បេះតែម្នាក់ឯងប៉ុណ្ណោះ ។
និយាយបណ្តើរ យកដៃជូតញើសបណ្តើរ មីងណៃប្រាប់ថាខ្ញុំមិនជួលគេឲ្យមកជួយ ដោយសារតែមិនចង់ចំណាយលុយច្រើន ហើយមនុស្សគឺពិបាកទុកចិត្តណាស់ ខ្ញុំសុខចិត្តធ្វើខ្លួនឯង ទោះបីនឿយហត់បន្តិចក៏ដោយ។
ចម្ការធំល្មមដែរ ចុះហេតុអ្វីកូនស្រីគាត់ដែលមានអាយុ១៧ឆ្នាំនោះមិនជួយជំនួសដៃខ្លះ ? អ្នកមីងផ្តល់ចម្លើយមកវិញថា ទោះបីជាជីវភាពដែលបានមកពីការលក់ត្របែកមិនអាចផ្គត់ផ្គង់ជីវភាព គ្រួសារខ្ញុំឲ្យបានធូរធារយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែមានគំនិតឲ្យកូនខ្ញុំរៀនឲ្យបានចប់ចុងចប់ដើមដែរ ៕
No comments:
Post a Comment