Monday, May 30, 2011

​ដំណាំ​ត្របែក​និង​អ្នកភូមិ​កោះ​ក្របី​

កណ្ដាល: ​ជាមួយនឹង​ដំណាំ​ផ្សេងៗ​ដូច​ផ្កាម្លិះ មៀន ចេក ដែល​ជា​ប្រភព​ចំណូល​របស់​អ្នកភូមិ​កោះក្របី ឃុំ​កោះក្របី ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​នោះ ដំណាំ​ត្របែក​ក៏​ជា​ដំណាំ​មួយ​ដែល​អ្នក​កោះក្របី​និយម​ដាំ ផងដែរ​។​ពួកគេ​មាន​ពិសោធន៍​ដោយឡែកៗ​ពី​គ្នា​នៅ​ក្នុង​ការដាំ​ដំណាំ​នេះ​។​
ភូមិ​កោះក្របី មាន​ចំនួន​១១៣២​គ្រួសារ ដែល​សឹងតែ​៩០%​គ្រួសារ​ដាំ​ដំណាំ​មៀន​និង​ដាំ​ផ្កា​ម្លិះ ដើម្បី​ចិញ្ចឹមជីវិត ហើយ​មាន​ត្រឹមតែ​គ្រួសារ​ប្រហែល​១០%​ប៉ុណ្ណោះ​ដែល​បែរ​ទៅ​ជា​ដាំ​ បន្លែបង្ការ​ទៅវិញ​។ នេះ​បើ​តាម​សម្ដី​របស់​លោក បេ តាក់ ដែល​ជា​មេភូមិ​នៅ​ភូមិ​កោះ​ក្របី ។​

ថ្វី​ត្បិត​តែ​ដំណាំ​មៀន​និង​ផ្កាម្លិះ​ដើរតួ​យ៉ាង​សំខាន់​ជាងគេ​ក្នុង​ ភូមិ​កោះក្របី​ក៏ដោយ ក៏មាន​គ្រួសារ​មួយ​ក្នុងចំណោម​៣០-៤០​គ្រួសារ​ដែល​មិន​ចោល​ការដាំ​ត្របែក​ដែរ ពិសេស​នោះ​គាត់​បែរជា​ចាត់ទុក​ត្របែក​ជា​ដំណាំ​សំខាន់​ជាងគេ​ក្នុងចំណោម​ ដំណាំ​ផ្សេង​ទៀត​ទៅ​វិញ ។​
ក្នុង​ដៃ​កំពុង​កាន់​ថង់​និង​ធុង​មួយ​ទុក​ច្រក​ត្របែក​ជាមួយនឹង​ខោ​ អាវដៃវែង​មួយឈុត មាន​ថែម​ទាំង​មួក​ក្រហម​មួយទៀត​ផង​នោះ អ្នក​មីង ជា ណៃ អាយុ​៤០​ឆ្នាំ ដែល​ជា​ម្ចាស់​ចម្ការ​បាន​ប្រាប់ថា ចម្ការ​ត្របែក នេះ​អ្នក​មីង​ដាំ​បាន​២​ឆ្នាំ​ហើយ​។ ដោយ​មិន​ចង់​ទុក​ពេល​ឲ្យនៅ​ទំនេរ​ចោល​អត់ប្រយោជ​ន៍​នៅ​ក្នុង​ទំហំ​ដី​ដែល​ មាន​ទទឹង​៣០​ម៉ែត្រ និង​បណ្តោយ​៧២​ម៉ែត្រ មិនមែន​ដាំ​ត្រឹមតែ​ត្របែក​មួយ​មុខ​នោះ​ទេ អ្នក​មីង ណៃ ក៏​មាន​ដំណាំ​បន្ទាប់បន្សំ​ផ្សេងទៀត​ដែរ ដូចជា​ម្ទេស មៀន ចេក ល្ហុង​និង​ល្ពៅ​ជាដើម ។
លោក​មេភូមិ​ដដែល​បានឲ្យ​បានដឹងថា អ្នកភូមិ​នៅ​កោះក្របី​នេះ​ចូលចិត្ត​ដាំ​ដំណាំ​តាម​គ្នា​ណាស់ ហើយ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ពួកគេ​នាំគ្នា​ដាំ​ត្របែក​ដែរ​ប៉ុន្តែ​បរាជ័យ ​ដោយសារតែ​មាន​សត្វ​ឌួង​ចូល​មក​ស៊ី​ដើម​ធ្វើ​ឲ្យ​ងាប់​អស់ ។​ដូច្នេះ​ទើប​ពួកគាត់​នាំគ្នា​ប្តូរ​ពី​ការដាំ​ត្របែក​ទៅ​ជា​ដាំ​ផ្កា​ ម្លិះ ឬ​មៀន​វិញ​។​
ចុះ​ចំណែក​អ្នក​មីង​ណៃ​វិញ​មាន​រូបមន្តឬ​បច្ចេកទេស​អ្វី​ដែរ ទើប​ធ្វើឲ្យ​ត្របែក​របស់​គាត់​ទទួលទិន្ន​ផល​ល្អ រហូត ដល់​ទៅ​២​ឆ្នាំ​?
អ្នក​មីង​បាន​ប្រាប់​យើង​ថា​“​ដំបូង​គេ​ត្រូវ​ផ្លាក់​ឬ​ជ្រុំដី​ហ្នឹង​សិន​ មុន​នឹង​ដាក់​ដាំ ។ ក្រោយ​ពី​ដាក់​កូន​ត្របែក​ចូលទៅក្នុង​ដី​ហើយ វិធី​បន្ទាប់​គឺ​ត្រូវ​ដាក់​ទឹក​ឲ្យ​ញាប់ អាច​ថា​១​អាទិត្យ​ម្តង​។ បន្ថែម​ពី​នេះ​យើង​ត្រូវ​លាយ​ដី​នោះ​ជាមួយនឹង​អាចម៍​ប្រចៀវ ទើប​ធ្វើឲ្យ​ដី​មានជី​ជា​តិល្អ​” ។​
បើ​តាម​ធម្មតា ដើម​ត្របែក​វា​អាច​ដុះ​ឡើង​ខ្ពស់​រហូតដល់​ត្រឹម​មួយ​ចង្អើ​ត ឬ​អាច​ឈោង​មិន​ដល់​ផង តែ​មីង​ណៃមាន​វិធីសាស្ត្រ​ពិសេស​មួយ​ដែ​ល​ធ្វើឲ្យ​ដើម​នៅ​ត្រឹម​កម្ពស់​ ក្បាល​របស់​គាត់​តែប៉ុណ្ណោះ​។ អ្នក​មីង​បញ្ជាក់ថា បច្ចេកទេស​ខ្ញុំ គឺ​ខ្ញុំ​ដើរកាត់​ត្រួយ​វា​គ្រប់​ដើម​ដើម្បី​កុំឲ្យ​ដើមវា​ចេះ​តែ​ដុះ​ខ្ពស់ ​ពេក ។ បច្ចេកទេស​នេះ​វា​មិន​ត្រឹមតែ​ធ្វើឲ្យ​ដើមវា​មិនងាប់ ឬ​មិន​ផ្លែ​នោះទេ តែ​វា​បែរជា​ធ្វើឲ្យ​លាស់​ខ្នែង​និងមាន​ផ្លែផ្កា​ច្រើន​ទៀត​ផង តែ​បើ​មិន​ធ្វើ​ដួច្នេះ​ទេ នោះ​វា​មានតែ​ផ្កា តែ​មិន​មាន​ផ្លែ ។​
លោក នួន ពិសា​ល ដែលជា​អ្នក​ដែល​ចូលចិត្ត​បរិភោគ​ត្របែក​ម្នាក់​ដែរនោះ បាន​និយាយថា បើ​គាត់​ដើរ​ទិញ​ត្របែក​ជាមួយ​ម្តាយ​គាត់ៗ​រើស​យក​តែ​ត្របែក​ណា​ដែល​មាន​ ទំហំ​ធំ​ប៉ុណ្ណោះ​។ “​ចំពោះ​ខ្ញុំៗ​ចូលចិត្ត​ញ៉ាំ​តែ​ត្របែក​ណា​ដែល​មាន​សម្បុរ​រាង​ស ហើយ​ធំ មិន​តែ​ប៉ុណ្ណោះ​គឺ​មាន​រសជាតិ​ផ្អែម​ទៀតផង ភាគច្រើន​មិត្តភក្តិ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ គេ​និង​ខ្ញុំ​មិន​សូវ​ចូលចិត្ត​ត្របែក​ដែល​មាន​សម្បុ​រអុជៗ​នោះទេ​” ។​
នេះ​ជា​មូលហេតុ​មួយទៀត​ដែល​ជំរុញ​ឲ្យ​អ្នកមីង​ធ្វើ​ការស្រាវជ្រាវ​បន្ថែម​ ដើម្បី​តម្រូវ​អ្នកទិញ ដូចជា​លោក​ពិសា​ល ក៏ដូចជា​អ្នកទិញ​ដទៃទៀត ។​វិធីសាស្ត្រ​នោះ​គឺ​អ្នក​មីង​យក​ថង់​ដែល​ចោះ​គូទ​រួច ទៅ​រុំ​ផ្លែ​ត្របែក ដែល​វា​មាន​រាង​ធំ​ល្មម ឬ​ជំទង់ ធ្វើ​បែប​នោះ​គឺ​វា​ធ្វើឲ្យ​ត្របែក​របស់​គាត់​មានសម្បុរ​ស​ល្អ ឆាប់​ធំ​និង​ការពារ​សត្វល្អិត​មួយ​ចំនូ​ន​ដូចជា ក្រា ឬ​ស្រមោច​មិន​ឲ្យ​ទិច​ទៀតផង ។ អ្នក​មីង​បញ្ជាក់បន្ថែម​ថា ជាធម្មតា​យើង មិន​អាច​ដាំ​ត្របែក​ឲ្យចេញ​សម្បុរ​ស​រលោង​តាម​ដែល​ចិត្ត​យើង​ត្រូវការ​នោះ​ ទេ ។ ដូច្នេះ​ផល​លំបាក របស់​ខ្ញុំ​គឺ​នៅពេល​ផ្លែ​វា​មាន​សម្បុរ​មិន​សូវ​ល្អ ឬ​គេ​ហៅថា​មាន​អាចម៍រុយ​នោះ ហើយ​ពេល​ខ្លះ​វា​អាច​ស្លោក​ខូច​ទៀតផង​។ តាមពិត​អ្នក​ទិញ​មួយចំនួន​គាត់​មិន​បាន​ដឹង​ថា​ត្របែក​ដែល​មាន​សម្បុរ​មិន​ សូវ​ស្អាត​នេះ​មានឱជារស​ឆ្ញាញ់​ជាង​អា​សម្បុរ​ស​ទេ ។ ដូច្នេះ​មាន​ពេលខ្លះ​ក៏​លក់​មិនសូវ​បាន​ចំណេញ​ច្រើន ដោយសារ​វា​សម្បុរ​មិន​ស្អាត​និង​មិន​រលោង​ល្អ​នោះ​» ។​
សមាជិក​គ្រួសារ​របស់​មីង​មាន​ចំនួន​៤​នាក់ ។ បញ្ហា​ខាងលើ​នេះ​វា​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​ចំណូល ចំណាយ​គ្រួសារ​របស់​អ្នក​មីង​ខ្លះ​ដែរ​។ ហេតុនេះហើយ ទើប​ពេល​បេះ​ត្របែក​យក​ទៅ​បោះ​នៅ​តាម​ផ្សារ​ម្តងៗ គាត់​បេះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។
និយាយ​បណ្តើរ យកដៃ​ជូត​ញើស​បណ្តើរ មីង​ណៃ​ប្រាប់​ថា​ខ្ញុំ​មិនជួល​គេ​ឲ្យមក​ជួយ ដោយសារតែ​មិន​ចង់​ចំណាយលុយ​ច្រើន ហើយ​មនុស្ស​គឺ​ពិបាក​ទុក​ចិត្ត​ណាស់ ខ្ញុំ​សុខចិត្ត​ធ្វើ​ខ្លួនឯង ទោះបី​នឿយហត់​បន្តិច​ក៏ដោយ​។​
ចម្ការ​ធំ​ល្មម​ដែរ ចុះ​ហេតុអ្វី​កូនស្រី​គាត់​ដែល​មាន​អាយុ​១៧​ឆ្នាំ​នោះ​មិន​ជួយ​ជំនួសដៃ​ខ្លះ ​? អ្នក​មីង​ផ្តល់​ចម្លើយ​មក​វិញ​ថា ទោះបីជា​ជីវភាព​ដែល​បានមកពី​ការលក់​ត្របែក​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​ គ្រួសារ​ខ្ញុំ​ឲ្យបាន​ធូរធារ​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​នៅតែ​មាន​គំនិត​ឲ្យ​កូន​ខ្ញុំ​រៀន​ឲ្យបាន​ចប់​ចុង​ចប់​ដើម​ដែរ ៕

ការអភិវឌ្ឍន៍ដែលមានចីរភាព

ការអភិវឌ្ឍន៍​ដែល​មាន​ចីរភាព​គឺ ជា​ការអភិវឌ្ឍន៍​ដែល​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​បច្ចុប្បន្ន​ដោយ​មិន​ប៉ះពាល់​ដល់​លទ្ធភាព​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​ការសម្រេច​តម្រូវ​ការ​របស់​ពួក​គេ​។
ទស្សនៈ​នៃ​ការអភិវឌ្ឍន៍​ដែល​លើ​ប្រជាជន​ ពូជសត្វ និង​រុក្ខជាតិ​ប្រព័ន្ធ​អេកូឡូស៊ី ធនធានធម្មជាតិ ទឹក ខ្យល់ ថាមពល ហើយ ដែល​បញ្ចូល​នូវ​ការ បារម្ភ​ដូច​ជា​ការ​ប្រយុទ្ធ​នឹង​ភាព​ក្រីក្រ​សមធម៌​យេនឌ័រ សិទ្ធិមនុស្ស ការអប់រំ សម្រាប់​ទាំង​អស់​គ្នា សុខភាព សន្តិសុខ មនុស្សលោក ការពិភាក្សា​វប្បធម៌​ចម្រុះ​។​ល​។